​សំបុក​ពង​សត្វ​ទាព្រៃ​ស្លាប​ស​ ជិត​ផុតពូជ ​រក​ឃើញ​នៅ​តំបន់​ខ្ពង់​រាប​ខាង​ជើង​ប្រទេស​កម្ពុជា​

​សំបុក​សត្វ​ទាព្រៃ​ស្លាប​ស​ ដែល​មាន​ពង​ចំ​នួន ​០៧​គ្រាប់ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តំបន់​ខ្ពង់​រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ០៥​ឆ្នាំ ចុងក្រោយ​នេះ បន្ទាប់ពី​អ្នកភូមិ​ចំនួន​០៣​នាក់​បាន​រាយការណ៍​មកកាន់​ក្រុម​អ្នក​អភិរក្ស​របស់​ក្រសួង​បរិស្ថាន និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ​(WCS)​។
សំបុក​ទា​ព្រៃ​ស្លាប​ស​នេះ ស្ថិត​នៅ​ក្នុង​ប្រហោង ដើម​គគីរ ​ដែល​មាន​កម្ពស់​ប្រមាណ​ ១២​ម៉ែត្រ​ពី​ដី និង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន ព្រហ្ម​ទេព ក្បែរ​ភូមិ​សំបូរ ឃុំ​ស្រយ៉ោង ស្រុក​គូលែន ខេត្ត​ព្រះវិហារ​។

លោក អ៊ិន ឡុង អាយុ​៣៦​ឆ្នាំ និង​បាន​រក​ឃើញ​សំបុក បាន​និយាយ​ថា​៖ «យើង​បាន​ប្រ​ទះ​ឃើញ​ទាព្រៃ​ស្លាប​ស​មួយ​ក្បាល​នៅ​លើ​ដើមឈើ ពេល​ដើរ​ទៅ​ស្រែ​។ យើង​បាន​រាយការណ៍​ទៅកាន់​អង្គការ WCS អំពី​ព័ត៌មាន​នេះ ពីព្រោះ​យើង​ដឹងថា​ វា​ជា​ប្រភេទ​ជិត​ផុត​ពូជ​។ ក្រុម​អ្នក​អភិរក្ស​នៃ​អង្គការ WCS បាន​មក​ពិ​និត្យ​សំបុក ហើយ​ជួល​ពួក​យើង​ទាំង ​០៣​នាក់ ​ឲ្យ​យាម​សំបុក​នេះ ដោយ​ផ្ដល់​ឲ្យ​ប្រាក់កម្រៃ​ឲ្យ​ពួក​យើង​ជា​ការ​តបស្នង​។»
បន្ថែម​លើ​នេះ លោក រស់ វ៉ាន់ ប្រធាន​ក្រុម​ស្រាវជ្រាវ​ប្រចាំ​ដែន​ជម្រក​សត្វព្រៃ​គូលែន ព្រហ្ម​ទេព នៃ​ក្រសួងបរិស្ថាន និង​អង្គការ WCS បាន​និយាយ​ថា​៖ «​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន ក្រុម​អ្នក​អភិរក្ស​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំង​។ យើង​រីករាយ​ជា​ខ្លាំង​ពេល​ឃើញ​វត្តមាន​មេ​របស់​វា​នៅ​ទី​នោះ និង​ពង​បាន​ចំនួន​ ០៧​គ្រាប់។​»

ផ្អែក​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ WCS បាន​ឲ្យ​ដឹង​ថា ទាព្រៃ​ស្លាប​ស ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សាកលលោក ពីព្រោះ​ចំនួន​របស់​ពួកវា​នៅ​បន្ត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដោយសារតែ​ការបាត់បង់​ទីជម្រក ការ​រំខាន​នៅ​តាម​ដង​ព្រែក និង​ការ​បរបាញ់​ជាដើម​។ ទាព្រៃ​ស្លាប​ស មាន​ចំនួន​ចន្លោះ​ ២ ៥០១ ០០០​ក្បាល​នៅ​លើ​សាកលលោក និង​មាន​វត្តមាន​តិចតួច​រស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ​​
​ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ថា តំបន់​ខ្ពង់​រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​ក្នុង​ខេត្ត​ព្រះវិហារ ដែល​រួមបញ្ចូល​ទាំង​ដែន​ជម្រក​សត្វព្រៃ​គូលែន ព្រហ្ម​ទេព ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា និង​ដែន​ជម្រក​សត្វព្រៃ​ឆែប​ផង​ដែរ​នោះ គាំទ្រ​ដល់​ការ​រស់នៅ​របស់​សត្វ​ស្លាប​ប្រភេទ​រង​គ្រោះ​ជា​សាកល​ជាច្រើន​ប្រភេទ​។ សត្វ​ស្លាប​ទាំងអស់​នោះ​រួមមាន ត្រ​យ៉ង​យក្ស ត្រ​យ៉ង​ចង្កំ​ក​ស និង​សត្វ​ត្មាត​ ០៣​ប្រភេទ ​ដែល​សត្វ​ស្លាប​ទាំងអស់​នេះ​សុទ្ធតែ​ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកលលោក សត្វ​​​ទាព្រៃ​ស្លាប​ស​ដែល​ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សាកលលោក និង​សត្វព្រៃ​ជាច្រើន​ប្រភេទ​ផ្សេង​ទៀត​។ អង្គការ WCS កំពុង​ធ្វើ​ការងារ​រួមគ្នា​ជាមួយ​ក្រសួងបរិស្ថាន​ដើម្បី​ការពារ​ព្រៃឈើ និង​សត្វព្រៃ​នៅ​តំបន់​ខ្ពង់​រាប​ភាគ​ខាងជើង​នេះ​​​តាម​រយៈ​​​សកម្មភាព​អភិរក្ស​ជាច្រើន​។
កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប ​គឺ​ជា​គម្រោង​អភិរក្ស​មួយ​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ការ​ប្រមូល​ពង​កូន​របស់​សត្វ​ស្លាប​។ តាម​រយៈ​គម្រោង​នេះ ប្រជា​សហគមន៍​រស់នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន ព្រហ្ម​ទេព និង​ឆែប​​ ទទួល​បាន​ប្រាក់ឧបត្ថម្ភ ប្រសិនបើ​ពួកគាត់​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការងារ​ត្រួត​ពិនិត្យ ការពារ និង​យាម​សំបុក​សត្វ​ស្លាប​សំខាន់ៗ រហូតដល់​ពេល​កូន​វា​ញាស់​។ ចាប់ពី​ឆ្នាំ ​២០០២ ដល់​ឆ្នាំ ​២០១៦ សំបុក​ចំនួន​៣ ៨១៣ និង​កូន​សត្វ​ស្លាប​ចំនួន​ ៦ ៨០៦​កូន ទទួល​បាន​ការ​ការពារ​យ៉ាង​ល្អ​នៅ​ក្នុង​បរិវេណ​ផ្ទៃដី​ប្រមាណ​ ៤ ០០០​គីឡូម៉ែត្រ​ការ៉េ​។
យោង​លើ​ការសិក្សា​ស្រាវជ្រាវ​កន្លង​មក (Clements et al. 2013) យើង​បាន​​​ប៉ាន់ប្រមាណ​ថា​កូន​សត្វ​ស្លាប​ប្រភេទ​រង​គ្រោះ​ជា​សាកល​ចំ​នួន​ប្រមាណ​ ៣ ៧០០​កូន ​បន្ថែម​ទៀត បាន​ញាស់​ដែល​ជា​លទ្ធផល​ចេញ​ពី​ការ​ការ​ពារ​សំបុក​នេះ ដែល​កូន​នី​មួយៗ​ចំណាយ​អស់​ប្រាក់​ប្រមាណ​ ១៣៤​ដុល្លារ។
«​ទាព្រៃ​ស្លាប​ស គឺជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​សាកលលោក ដូច​នេះ​យើង​ត្រូវ​បាន​បន្ថែម​ការ​អភិរក្ស​ដើម្បី​ការពារ​ពួកវា​កុំ​ឲ្យ​បាត់បង់​។ ការ​ការ​ពារ​សំបុក​ព​ង​កូន និង​ទីជម្រក មាន​ភាព​ចាំ​បាច់​​​ខ្លាំង​ណាស់​ដើម្បី​ធានា​ដល់​ការ​រស់នៅ និង​បន្ត​ពូជ​របស់​ពួកវា​។ យើង​បាន​ជួល​អ្នកភូមិ​ទាំង​ ០៣​នាក់​នោះ​ឲ្យ​យាម​សំ​បុក​នេះ​ដើម្បី​កុំ​ឲ្យ​មាន​ការ​រំ​ខាន និង​ការ​ប្រមូល​ពង​កូន​ជាដើម​។​» នេះ​ជា​ការ​លើក​ឡើង​របស់ លោក រស់ វ៉ាន់ ប្រធាន​ក្រុម​ស្រាវជ្រាវ​ប្រចាំ​ដែន​ជម្រក​សត្វព្រៃ​គូលែន ព្រហ្ម​ទេព នៃ​ក្រសួងបរិស្ថាន និង​អង្គការ WCS៕

ប្រភព៖ sabay
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive