(ភ្នំពេញ)៖ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនស្ត្រីជនសង្ស័យម្នាក់ឈ្មោះ ភួង ចន្នី អាយុ៥០ឆ្នាំ ទៅសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទកេងប្រវ័ញ្ចពលកម្មលើកុមារ និងរក្សាទុកកុមារដោយខុសច្បាប់។ ស្ត្រីរូបនេះ រួមជាមួយស្ត្រីវ័យចំណាស់ម្នាក់ទៀត ត្រូវបានមន្ត្រីជំនាញនៃការិយាល័យបង្ក្រាបបទល្មើសជួញដូរមនុស្សកងរាជអាវុធហត្ថរាធានីភ្នំពេញ សហការណ៍ជាមួយមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ មន្ទីសង្គមកិច្ចរាជធានីភ្នំពេញ អង្គការពន្លកថ្មី និងអង្គការ IJM ធ្វើការបង្ក្រាបជាក់ស្តែង កាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខសណ្ឋាគារកាហ្សា ផ្លូវ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ខណៈដែលពួកគេបានបង្ខំឲ្យក្មេងៗដើរសុំទាន ដើម្បីយកលុយមកឲ្យខ្លួនជាប្រចាំថ្ងៃ ព្រមគ្នានោះសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រំដោះបានកុមាររងគ្រោះ០៧នាក់ (ក្នុងនោះមានទារក០២នាក់) ។ ក្រោយពេលឃាត់ខ្លួន ស្ត្រីជាមេខ្លោងខាងលើ បានសារភាពថា រូបគេពិតជាបានប្រមូលក្មេងៗ ពីឪពុកម្តាយក្រីក្រ និងអ្នកសុំទានផ្សេងទៀត ឲ្យមកនៅជាមួយក្នុងនាមជាកូនចៅ ឬក្មួយ ដើម្បីឲ្យដើរសុំទាន ពិតប្រាកដមែន ហើយរូបគេធ្វើបែបនេះ ប្រហែល៧ទៅ៨ឆ្នាំមកហើយ ។ ដោយឡែកតាមការរៀបរាប់របស់ក្មេងៗ ដែលអាវុធហត្ថរាជធានីភ្នំពេញរំដោះបាន បានរៀបរាប់ថា ពួកគេមិនបានរៀនសូត្រទេ ហើយទទួលទានអាហារ ក៏មិនគ្រប់គ្រាន់ដែរ និងត្រូវបានស្ត្រីដែលឲ្យពួកគេហៅថា ម៉ែ គំរាមឲ្យដើរសុំទានគ្រប់ពេលវេលា ដោយមានបីកូនង៉ាតូចៗ ដែលមិនមែនជាប្អូនរបស់ខ្លួនជាប់ជាមួយផង ហើយពួកគេត្រូវដើរសុំទានទាំងយប់ទាំងថ្ងៃ ពិសេសកណ្តាលភ្លៀងធ្លាក់ផងដែរ ដើម្បីទាញក្តីអាណិតអាសូរ ពីអ្នកឲ្យទាន នៅតាមមាត់ទន្លេ រមណីយដ្ឋានវត្តភ្នំ មុខសណ្ឋាគារកាហ្សា មុខវត្ត មុខវាំង និងតាមស្តុបកែងផ្លូវផ្សេងៗ ក្នុងមួយថ្ងៃពួកគេត្រូវស្ត្រីខាងលើ ដេញឲ្យទៅដើរសុំទានឲ្យបានចន្លោះពី១ម៉ឺនទៅ៣ម៉ឺនរៀល បើសុំមិនបាន ឬបានតិចជាងចំនួនកំណត់ ពួកគេនឹងត្រូវទទួលពិន័យ ២០រំពាត់ ឬខ្សែភ្លើងទូរស័ព្ទ រហូតមានស្នាមរបួសតាមខ្លួន ក្បាល និងមុខ ។
មកដល់ពេលនេះក្មេងៗទាំង០៧នាក់នោះ នៅមិនទាន់អាចរកឪពុកម្តាយពិតប្រាកដពួកគេឃើញនៅឡើយទេ ហើយមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយមន្ទីរសង្គមកិច្ច បានយកពួកគេប្រគល់ឲ្យអង្គការពន្លកថ្មី ដើម្បីចិញ្ចឹមបីបាច់មើលថែរក្សា និងចូលសាលារៀនសូត្រផងដែរ ។ ចំណែកស្ត្រីម្នាក់ទៀត ដែលអាវុធហត្ថឃាត់មកជាមួយគ្នា គ្រាន់តែជួយពរកូនង៉ែតឲ្យគេ និងមានសុខភាពទន់ខ្សោយ ព្រោះកើតជម្ងឺអេដស៍ធ្ងន់ធ្ងរផងនោះ ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅវិញ ៕
ប្រភព៖ kdaokdao.com
រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់
ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...
0 comments:
Post a Comment