ក្លឹបបិសាចក្រហម Manchester United កាលពីអម្បាញ់មិញនេះបានប្រកាសពីការចុះកុងត្រាថ្មីជាផ្លូវការជាមួយខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic។ កុងត្រានេះមានរយៈពេលមួយឆ្នាំ ហើយកីឡាករសញ្ជាតិស៊ុយអែតវ័យ ៣៥ឆ្នាំរូបនេះនឹងពាក់អាវលេខ ១០ ក្នុងរដូវកាលថ្មីនេះ។
អ្នកចាត់ការទូទៅរបស់ក្លឹបបិសាចក្រហម លោក Jose Mourinho បានថ្លែងក្នុងគេហទំព័រផ្លូវការរបស់ក្លឹបថា៖ "យើងសប្បាយចិត្តណាស់ដែល Zlatan កំពុងតែជាសះស្បើយពីរបួស ហើយយើងក៏សប្បាយចិត្តទៅនឹងមហិច្ឆតា និងបទពិសោធន៍របស់គេ ដែលផ្ដល់មកឲ្យពួកយើង។ បន្ទាប់ពីការលេងរបស់គេកាលពីរដូវកាលមុន គេសមនឹងទទួលបានការជឿទុកចិត្តពីពួកយើង ហើយពួកយើងនឹងរង់ចាំដោយអំណត់សម្រាប់ការត្រលប់ពីរបួសរបស់គេ"។ បុរសសញ្ជាតិព័រទុយហ្គាល់បានបន្តទៀតថា៖ "ខ្ញុំជឿថាគេនឹងសំខាន់សម្រាប់យើង ក្នុងផ្នែកទី២នៃរដូវកាលនេះ"។ ចំណែកឯ Zlatan វិញមានចំណាប់អារម្មណ៍ថាខ្លួនត្រលប់មកបញ្ចប់អ្វីដែលខ្លួនបានចាប់ផ្ដើម។ កីឡាកររូបនេះក៏បានបង្ហាញពីការបន្តខិតខំប្រឹងប្រែងព្យាបាលរបួសរបស់ខ្លួនដើម្បីត្រលប់មកលេងឲ្យក្លឹបវិញ។ ខ្សែប្រយុទ្ធរូបនេះក៏បានបញ្ជាក់ថាខ្លួនគ្មានបំណងចាកចេញពីក្លឹបទេនារដូវកាលនេះ ដោយនិយាយថា៖ "វាគឺជាការសម្រេចចិត្តរបស់ខ្ញុំ ក៏ដូចជាក្លឹបផងដែរ ដែលបន្តឲ្យខ្ញុំនៅលេងឲ្យក្លឹបបន្តទៀត"។
ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានស៊ុតបញ្ចូលទីឲ្យក្លឹបបិសាចក្រហមបានចំនួន ២៨គ្រាប់ក្នុងការបង្ហាញខ្លួន ៤៦លើក កាលពីរដូវកាលមុន មុននឹងរងរបួសជង្គង់ធ្ងន់ធ្ងរកាលពីខែមេសា។ ក្លឹបជើងឯកលីគកំពូលអង់គ្លេស ២០សម័យមួយនេះ កាលពីខែមិថុនា មិនបានផ្ដល់កុងត្រាថ្មីឲ្យកីឡាកររូបនេះឡើយដោយយោងលើភាពធ្ងន់ធ្ងរនៃរបួស ប៉ុន្តែដោយដំណើរការជាសះស្បើយបានប្រព្រឹត្តទៅយ៉ាងល្អ ដែលអាចធ្វើឲ្យខ្សែប្រយុទ្ធចាស់វស្សារូបនេះអាចត្រលប់មុនពេលកំណត់ ជាហេតុធ្វើក្លឹបសម្រេចផ្ដល់កុងត្រាថ្មីតែម្ដង៕
ប្រភព៖ sabay
រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់
ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...
0 comments:
Post a Comment