ពលករ​ខ្មែរ​ ៤ ​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថៃ


បន្ទាយមានជ័យៈ យ៉ាង​ហោចណាស់​មាន​ពលករ​ខ្មែរ​ចំណាកស្រុក​ចំនួន ៤ នាក់ និង​អ្នក​បើកបរ​ជនជាតិ​ថៃ​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​ថ្ងៃ​អាទិត្យ​ដោយសារ​រថយន្ត​របស់​ពួកគេ​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​ទៀត​បុក​ត្រូវ​ផ្នែក​ចំហៀង​ខាង​ក្រោយ​ធ្វើឲ្យ​រេ​ចង្កូត​ធ្លាក់​ចូល​ក្នុង​ប្រឡាយ ហើយ​បោក​ទៅ​នឹង​បង្គោល​ភ្លើង ខណៈ​ពួកគេ​កំពុង​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​កាន់​ស្រុក​កំណើត​វិញ​។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ទូរទស្សន៍​ក្នុង​ស្រុក​របស់​ថៃ​កាលពី​ព្រឹក​ម្សិលមិញ​។
ប្រភព​ពី​បណ្ដាញ​ទូរទស្សន៍​ថៃ​ប៉ុស្តិ៍​លេខ ៧ បាន​រាយការណ៍​ដោយ​ដក​ស្រង់​សម្ដី​អ្នក​បើកបរ​រថយន្ត​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ នេត្រ សែងច័ន្ទ អាយុ ៤៤ ឆ្នាំ ដែល​បាន​អះអាង​ថា​រថយន្ត​របស់​គាត់​ម៉ាក Vane ពាក់​ស្លាក​លេខ​ បាងកក ៤៣២៥ ត្រូវ​បាន​ពលករ​ចំណាកស្រុក​ជនជាតិ​ខ្មែរ ២០ ​នាក់​ជួល​ផ្ដាច់​ឲ្យ​ដឹក​ពួកគេ​ពី​ក្រុង​បាងកក​មក​កាន់​ផ្សារ​រុងក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ គ្រា​ដែល​សមត្ថកិច្ច​នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​ធ្វើការ​រឹតបន្តឹង​ និង​បាន​ចាប់​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ទៅ​លើ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​។
លោក សែងច័ន្ទ បាន​និយាយ​ថា​ខណៈ​ដែល​លោក​កំពុង​បើក​រថយន្ត​ដឹក​ពលករ​ខ្មែរ​លើ​កំណាត់​ផ្លូវ​ សុវណ្ណនគរ មក​ដល់​ចំណុច​ភូមិ​៣ ឃុំ​វឌ្ឍនានគរ ស្រុក​វឌ្ឍនានគរ ខេត្ត​ស្រះកែវ​ក៏​ស្រាប់​តែ​មាន​រថយន្ត​តូយ៉ូតាវីហ្គោ មួយ​គ្រឿង ពាក់​ស្លាក​លេខ​ស្រះកែវ ៥៩២០ បើក​មក​បុក​រថយន្ត​របស់​លោក​ពី​ចំហៀង បណ្តាល​ឲ្យ​រេ​ចង្កូត​ធ្លាក់​ចេញ​ពី​ផ្លូវ​ទៅ​បុក​នឹង​បង្គោល​ភ្លើង​តែ​ម្តង​។
លោក សែងច័ន្ទ ​បាន​បញ្ជាក់​ថា​៖ «​ក្នុង​ហេតុការណ៍​នេះ​ពលករ​ខ្មែរ ៩ ​នាក់​ក្នុង​ចំណោម ២០ នាក់​បាន​រងរបួស​ធ្ងន់​ហើយ​ ១១ ​នាក់​ទៀត​មិន​មាន​រងរបួស​ទេ​។ បន្ទាប់មក​ក្រុម​តម្រួត​បាន​មក​ដល់​ហើយ​ជួយ​អន្តរាគមន៍​ដឹក​ជនរងគ្រោះ​ខ្មែរ​ទាំង​ ៩ ​នាក់​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​»​។
ជុំវិញ​ករណី​នេះ​លោក យ៉ាល់ ប៊ុនពៅ មន្ត្រី​នគរបាល​ទំនាក់ទំនង​កិច្ចការ​ព្រំដែន​កម្ពុជា​ថៃ​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​បាន​និយាយ​ថា​យោង​តាម​ព័ត៌មាន​ពី​បណ្ដាញ​ផ្សព្វផ្សាយ​ថៃ​កាលពី​ម្សិលមិញ​បាន​រាយការណ៍​ថា​ពលករ​ខ្មែរ​រងគ្រោះ​ទាំង​ ៩ ​នាក់​បាន​ស្លាប់​ចំនួន​ ៤ ​នាក់ និង ៥ ​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ ខណៈ​អ្នក​បើកបរ​រថយន្ត​តូយ៉ូតាវីហ្គោ​ជនជាតិ​ថៃ ឈ្មោះ សុបិន ផែតផាន់ អាយុ​ ៣០ ​ឆ្នាំ​ដែល​ជា​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ក៏​បាន​ស្លាប់​ផង​ដែរ នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។
លោក​ ប៊ុនពៅ បាន​ថ្លែង​ទៀត​ថា​៖ «​យ៉ាង​ណា​ក៏ដោយ​នៅ​ពេល​នេះ​សមត្ថកិច្ច​យើង​នៅ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ជា​លាយលក្ខណ៍​អក្សរ​ណា​មួយ​ពី​ខាង​ភាគី​ថៃ​នៅ​ឡើយ​ទេ ជុំវិញ​ករណី​នេះ​»​។
ក្នុង​ពេល​ជាង​មួយ​សប្តាហ៍​កន្លង​មក​នេះ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​រាប់​ម៉ឺន​នាក់​ត្រឡប់​មក​វិញ​៕
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive